កំពង់ស្ពឺ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនដល់នគរបាល ឱ្យបម្រើប្រជាពលរដ្ឋ និងកុំឱ្យពលរដ្ឋខ្លាចនគរបាល ដោយកែប្រែឱ្យមានវប្បធម៌ស្រលាញ់ចូលចិត្ត។
ការដាស់តឿននេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជាតិ ភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងពិធីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «ធ្វើឱ្យនគរបាលយើង ទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឱ្យពលរដ្ឋខ្លាចនគរបាល កែប្រែឱ្យប្រជាពលរដ្ឋមានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបម្រើគាត់ ហើយនគរបាល ក៏ចាត់ទុកពលរដ្ឋជាចៅហ្វាយដែលត្រូវបម្រើសេវាជូន»។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងដែរថា នគរបាលជាតិ ជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា។
សម្ដេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តថា ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេ ដែលមានថ្លៃថ្នូ និងមិនថ្លៃថ្នូរ។ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ទៅធ្វើអំពើផ្ដេសផ្ដាស៕
អត្ថបទ៖លាង ឡា