ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ចើញជាអធិបតីភាព ក្នុងទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ ២០២២ ដែលនឹងប្រារព្ធធ្វើនៅអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ទិវាមច្ឆជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត តាមរយៈអនុក្រឹតលេខ៩៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដើម្បីបំផុសប្រជាពលរដ្ឋចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផលដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
រាជរដ្ឋាភិបាល បានណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសិក្សា ព្រមទាំងអ្នកពាក់ព័ន្ឋនានា ត្រូវបំផុស អំពីស្មារតីគោរពច្បាប់ស្មារតីការពារធនធានជលផល។
ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជាសាកល នៃជំងឺឆ្លងកូវីដ-១៩។ក្នុងទិវានេះ នឹងមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
អត្ថបទ៖លាង ឡា