ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ បានជំរុញដល់ភាគីពាក់ព័ន្ឋឱ្យរួមគ្នាប្រឆាំងនឹងការសម្អាតប្រាក់។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងបញ្ជីប្រផេះ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការអនុវត្តមុខងាររបស់ខ្លួន និងរក្សាឱ្យបាននិរន្ដរភាពការងារ និងអនុវត្តច្បាប់ពាក់ព័ន្ធ និងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានស្នើដល់តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តផ្តល់នូវកិច្ចសហការ និងការគាំទ្របន្ថែមទៀត ដល់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេសរបស់យន្តការប្រឆាំងការសម្អាតប្រាក់ ដើម្បីសម្រេចទិសដៅការងាររួម ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព និងជួយពាំនាំនូវសមទ្ធិផលការងារដែលកម្ពុជាសម្រេចបាន ទាំងលើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ទាំងផ្នែកនយោបាយ ផ្នែកបច្ចេកទេសដល់ប្រទេស និងរដ្ឋាភិបាលខ្លួន៕
អត្ថបទ៖លាង ឡា