ភ្នំពេញ៖ ថ្លែងនៅក្នុងការប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្ស នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំពឹងថា កម្ពុជានឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ។
សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺ នេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបាន វិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថា នឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅ ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ខាងមុខ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តយកឈ្នះលើការរាតត្បាត នៃជំងឺ កូវីដ-១៩ សូមយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានពលរដ្ឋកម្ពុជា ចំនួន៩៤,២៦ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩។គួរកត់សម្គាល់ដែរថា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២នេះ ពុំមានពលរដ្ឋណាម្នាក់ បានឆ្លងជំងឺកូវីដ-១៩ ទៀតឡើយ ហើយអ្នកជំងឺភាគច្រើនក៏បានជាសះស្បើយ និងវិលត្រលប់ទៅផ្ទះវិញជាបណ្តើរៗដែរ៕