ភ្នំពេញ៖ ឥទ្ឋិពលជ្រលង នៃប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា កើតមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ និងផ្គរ រន្ទះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះថា ឥទ្ឋិពលនេះនឹងកើតមានឡើងនៅអំឡុងថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ហើយសម្ពាធទាបនេះ នឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ក្នុងនោះក៏អាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងមានរលកសមុទ្រខ្ពស់ៗផងដែរ៕