កំពង់ធំ៖ សិស្សសាលាចំនួន៤នាក់បានស្លាប់ និង៣នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់លិចទូកក្រោយពេលពួកគេបាននាំគ្នាជិះទូកកាច់ផ្លែឈូកនៅចំណុចបឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
របាយការណ៍របស់សសមត្ថកិច្ច ខេត្តកំពង់ធំ បានឲ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងនោះ សិស្សសាលាសរុបចំនួន៧នាក់ បានណាត់គ្នាជិះទូកបេះផ្លែឈូកនិងចុះងូតទឹកលេង លុះពេលឡើងទៅលើទូកវិញក៏ស្រាប់តែលិចទូក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤នាក់តែម្តង។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សិស្សសាលាទាំង៧នាក់ មានឈ្មោះ ៖ ទី១- កេន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរ ,ទី២- ឈ្មោះ រ៉ា ឌីខេត ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរ ,ទី៣- ឈ្មោះ គាន់ ស្រីខួច អាយុ១២ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ,ទី៤- ឈ្មោះ ភាន់ សុខជឿន ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់) រស់នៅភូមិជាយសំពៅ ឃុំសំបូរ ,ទី៥- ឈ្មោះ ចិត្រ រស្មី ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់) នៅភូមិអាត់ស៊ូ ឃុំសំបូរ ,ទី៦- ឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់) នៅភូមិអាត់ស៊ូ ឃុំសំបូរ និងទី៧- ឈ្មោះ ភឿន ចាន់ណា ភេទស្រី អាយុ១៣ឆ្នាំ (ស្លាប់) រស់នៅភូមិអាត់ស៊ូ ឃុំសំបូរ ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យលើសព រងគ្រោះនិងបានប្រគល់ជូនអាណាព្យាបាលចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕