បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ បានចុះជួយជួសជុលផ្ទះជួនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ចំនួន៤៥គ្រួសារ ដែលរងគ្រោះ និងខូចខាត ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងសកម្មភាពជួយជួសជុលនេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាល នាំយកស័ង្គសី ទៅចែកជូនដល់ពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជៀសវាងមានភ្លៀងធ្លាក់បន្តទៀត នាំឲ្យពលរដ្ឋគ្មានជម្រក។
របាយការណ៍របស់អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ករណីខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៥ ខែមិថុនា បានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ មានចំនួន០៣ សង្កាត់៖ សង្កាត់ព្រះពន្លា ចំនួន៣៤ខ្នង សង្កាត់កំពង់ស្វាយ ចំនួន១០ខ្នង និងសង្កាត់ទឹកថ្លា ចំនួន០១ខ្នង។
របាយការណ៍ដដែលបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជាច្រើន បានទទួលរង ផលប៉ះពាល់ ដូចជា បាក់រលំ ខ្លះប៉ើងដំបូល តែហេតុការណ៍នេះ មិនបានបង្កឲ្យពលរដ្ឋណាម្នាក់របួស ឬ ស្លាប់បាត់បង់ជីវិតនោះទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២២ កម្ពុជា រងឥទ្ឋិពលប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុងល្បឿនមធ្យម ទៅបង្គួរ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ ផ្គរ រន្ទះ កើតមាននៅតំបន់មួយចំនួន៕