ភ្នំពេញ៖ ជនសង្ស័យ ចំនួន៤៨នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៧ករណី នៅទូទាំងប្រទេស នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៨នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៧ករណី ឃាត់ខ្លួន ២០នាក់ (ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ខ្លួន ៦នាក់ (ស្រី ១នាក់) ,ប្រើប្រាស់ ៧ករណី ឃាត់ខ្លួន ២២នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន(Ice) = ២៣,៨០ក្រាម និង១កញ្ចប់តូច ,កេតាមីន(Ke) = ០,៣៣ក្រាម, អ៊ិចស្តាស៊ី(mdma) = ០,១២ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕