បន្ទាយមានជ័យ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣៧ខ្នងស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរងការខូចខាត ដោយសារភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់កើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២២។
របាយការណ៍ពីអាជ្ញាធរ ក្រុងសិរីសោភ័ណ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ដែលខូចខាតទាំង៣៧ខ្នង ស្ថិតក្នុង៣សង្កាត់ក្នុងនោះ៣ភូមិ និងមានផ្ទះខ្លះខ្យល់គួចដំបូលទាំងផ្ទាំងៗបាក់ដើមឈើរាយប៉ាយពេញផ្លូវ រួមនឹងផ្ទាំងប៉ាណូផងដែរ តែមិនបានប៉ះពាល់ដល់ជីវិតមនុស្សសត្វនោះទេ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុង៣សង្កាត់រួមមាន៖ សង្កាត់អូរអំបិលចំនួន ១ខ្នង សង្កាត់ព្រះពន្លា ២៦ខ្នងលើ៣ភូមិ និងសង្កាត់កំពង់ស្វាយ ចំនួន ១០ខ្នង។
លោកបានឱ្យដឹងបន្ថែមថា អាជ្ញាធរមូលដ្ឋានបានជួយរៀបចំទុកដាក់ប្រជាពលរដ្ឋរងគ្រោះ ឲ្យមានរបៀបរៀបរយឡើងវិញ និងត្រៀមជួយជួសជុលជូនដោយមានការសហការពីកងកម្លាំងទាំងបី ក្នុងខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយឱ្យមានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២២។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាកម្ពុជា នឹងរងឥទ្ឋិពលប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុងល្បឿនមធ្យមទៅបង្គួរ នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្យល់កន្រ្តាក់ ផ្គរ រន្ទះ កើតមាននៅតំបន់មួយចំនួន៕