ភ្នំពេញ៖ សារធាតុញៀន ជាច្រើនតោន ដែលសមត្ថកិច្ចដកហូតបានពីក្រុមឧក្រិដ្ឋជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើពិធីដុតកម្ទេចចោល នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនេះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និង បង្រ្កាប ករណីគ្រឿងញៀន បានចំនួន១០.៤៦១ ករណី និងក្នុងឆ្នាំ២០២១ បង្រ្កាបបានចំនួន៦.៣០៨ ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ២១.៥៦៦ នាក់ ក្នុងឆ្នាំ២០២០ និងចំនួន ១៣.៩៧៩ នាក់ ក្នុងឆ្នាំ២០២១ ព្រមទាំងរឹបអូសគ្រឿងញៀន គ្រប់ប្រភេទ បានចំនួន ៣តោន ៨៧៥គីឡូ និង៨៩៨ក្រាម ក្នុងឆ្នាំ២០២០ និងចំនួន ៤តោន ៦៨៩គីឡូ និង៦១១,៤៧ក្រាម នៅក្នុងឆ្នាំ២០២១។
សម្ដេចបន្ថែមថា បរិមាណគ្រឿងញៀន ដែលរឹបអូសបានក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើង គួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងបរិមាណគ្រឿងញៀនដែលរឹបអូសបានមុនដំណាក់កាល កូវីដ-១៩។
សម្តេច ស ខេង បានលើកឡើងថា បើទោះបីជាសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈក៏ដោយក៏ស្ថានភាព និងនិន្នាការនៃការផលិត ការចរាចរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ និងនៅលើសកលលោក នៅតែគ្មានការថយចុះហើយថែមទាំងមានការកើនឡើង គួរឱ្យព្រួយបារម្ភ ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិ នៃសង្រ្គាមនៅអ៊ុយក្រែន ដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ ចំពោះកម្ពុជា ក៏នៅតែបន្តទទួលរងឥទ្ធិពលនិងផលវិបាក នៃវិបត្តិទាំងនេះផងដែរ ដោយកន្លងមក ក៏ដូចជាក្នុងពេលថ្មីៗនេះ ក្រុមឧក្រិដ្ឋគ្រឿងញៀនមិនត្រឹមតែព្យាយាមលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ និងចូលមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានព្យាយាមម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាទីតាំងផលិតគ្រឿងញៀន។
សូមបញ្ជាក់ថា សារធាតុដែលបានធ្វើពិធីដុតបំផ្លាញ នាព្រឹកនេះរួមមាន៖ សារធាតុញៀន និងសារធាតុគីមីទម្ងន់ ៦ តោន ២៥៩ គីឡូក្រាម និងសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំទម្ងន់ ៨៣ តោន ៨២១ គីឡូក្រាមនិង ១៣៣,៩៨ ក្រាម ត្រូវបំផ្លាញចោលដោយវិធីបន្សាប៕