ភ្នំពេញ៖ រយៈពេល៥ខែ ក្នុងឆ្នាំ២០២២នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបានប្រមាណ ៥,៤៥ ប៊ីលានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាមការឱ្យដឹងពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងឱកាសខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា បើមើលថយក្រោយបន្តិចទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ១៩៩៥ មានត្រឹមតែ ៨៥ លានដុល្លារអាម៉េរិកប៉ុណ្ណោះ។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន មានប្រសាសន៍លើកឡើងថា ប៉ុន្តែក្នុងឆ្នាំ២០១៩ យើងសម្រេចបានតាមគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងទំហំប្រមាណ ៥,២ ប៊ីលានដុល្លារអាម៉េរិក។
លោកបានលើកឡើងដែរថា ក្នុងគ្រាដែលពិភពលោកជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ- ១៩ ក្នុងឆ្នាំ២០២០ យើងសម្រេចបានជាង ៥,៣ ប៊ីលានដុល្លារអាម៉េរិក ហើយបានបន្តកើនឡើងជាង ៩,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១៕
អត្ថបទ៖លាង ឡា