ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសបិទបញ្ចប់សំណុំរឿង ករណីប្រើប្រាស់និងជួញដូរអាវុធ ក្រោយពេលចាប់បានជនពាក់ព័ន្ឋចំនួន៦នាក់និងដកហូតអាវុធវែង ខ្លី ជាច្រើនដើម។
លោកឧត្តមសេនីយ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះថា សមត្ថកិច្ចបានស្រាវជ្រាវរហូតចាប់ខ្លួនបានជនពាក់ព័ន្ឋករណីប្រើប្រាស់និងជួញដូរអាវុធ ចំនួន៦នាក់។
លោកឱ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានអាវុធបាញ់គ្រាប់ពិត (ថ្មី១០០ភាគរយ) ចំនួន១១ដើម ក្នុងនោះមានអាវុធខ្លី ៩ដើម និងអាវុធវែង ចំនួន២ដើម។ ក្រៅពីនោះសមត្ថកិច្ចក៏ដកហូតបានប្រភេទអាវុធបាញ់គ្រាប់ជ័រ ចំនួន៣១ដើម ដែលពួកគេបានកែច្នៃបាញ់គ្រាប់ដែក( ប្រើហ្គាស និងគ្រាប់ឃ្លី)ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ។
លោកឧត្តមសេនីយ ជួន ណារិន្ទ បានឱ្យដឹងទៀតថា បន្ថែមពីនេះសមត្ថកិច្ចដកហូតបានបំពង់ខ្ទប់សំឡេងសម្រាប់ដាក់លើអាវុធខ្លី ព្រមទាំងឧបករណ៍កែច្នៃមួយចំនួនទៀតផងដែរ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សមត្ថកិច្ចបានបិទបញ្ចប់ករណីប្រើប្រាស់និងជួញដូរអាវុធ ក្នុងសំណុំរឿង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២២ ប៉ុន្តែសមត្ថកិច្ចនៅមានបេសកកម្មរបស់ខ្លួនបន្តទៀត។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរអាវុធនេះ បានធ្វើឡើងក្រោយពីមានជនបរទេស១ក្រុម បានកាន់កាប់អាវុធ និងបាញ់សមត្ថកិច្ចម្នាក់ ឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
អត្ថបទ៖លាង ឡា