ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ឋផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ចំនួន៩,៣៧៦ ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានឱ្យដឹងបន្តថា ក្នុងចំណោមគណបក្សនយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានតែគណបក្សនយោបាយ ចំនួន៩ប៉ុណ្ណោះ ដែលបានទទួលអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ហើយគណបក្សប្រជាជនកម្ពុជា បាននាំមុខគេ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងដែរថា គណបក្សទាំង៩ ដែលទទួលបាននូវអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩,៣៧៦អាសនៈ,គណបក្ស ភ្លើងទៀន ទទួលបាន ២,១៩៨អាសនៈ,គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩,អាសនៈ,គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣អាសនៈ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ,គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥អាសនៈ,គណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ,គណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងផ្សព្វផ្សាយលទ្ឋផលផ្លូវការ នៃការបោះឆ្នោតនេះ ជាសាធារណៈ នៅថ្ងៃទីអាទិត្យ ទី២៦ ខែមិថុនា តាមប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងរបស់ គ.ជ.ប ផងដែរ៕
អត្ថបទ៖លាង ឡា