សៀមរាប៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ខេត្តសៀមរាប ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពរឹតក សម្លាប់នារីម្នាក់ ដែលជាសង្សាររបស់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង ក្រោយសាលាបឋមសិក្សាបន្ទាយចាស់ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានក្លិនស្អុយចេញពីបន្ទប់ជួលក្នុងទីតាំងខាងលើ។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ច បានចុះពិនិត្យកន្លែងកើតហេតុ ហើយសម្រេចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើលទើបប្រទះឃើញសាកសពគ្របភួយ និងជនសង្ស័យដេកក្បែរសាកសពទៀតផង។
សមត្ថកិច្ចបន្តថា សពជនរងគ្រោះ ឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ៊ុតសក់ នៅក្នុងផ្សារលើធំថ្មី មាន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។
ជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារខ្នាតតូច មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។
ជនសង្ស័យសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ដោយយកខ្សែវាំងននរឹត ក ជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗ និងដេកជាមួយសាកសព ដោយមិនបានរត់គេចខ្លួនទេ។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖លាង ឡា