ភ្នំពេញ៖ ជនសង្ស័យ ចំនួន៦៦នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន២៣ករណី នៅទូទាំងប្រទេស នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៦នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៩ករណី ឃាត់ ១៩នាក់ (ស្រី១នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ២នាក់),ប្រើប្រាស់ ១២ករណី ឃាត់ខ្លួន៤៤នាក់ (ស្រី ២នាក់)។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន(Ice)ទម្ងន់ ១៦៩,៣៣ក្រាម និង៧កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ទម្ងន់១០,៩៨ក្រាម ផងដែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕