ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវលើបណ្តាទីតាំងដែលធ្លាប់ធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងរាជធានីភ្នំពេញ និងអះអាងថា មិនឃើញមានធ្វើសកម្មភាពនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette)រួចមក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញចុះទៅជ្រាវស្រាវដល់ទីតាំងដែលមានការលក់ដូរ និងអ្នកទិញប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) ប៉ុន្តែនៅពេលសមត្ថកិច្ច ចុះទៅស្រាវជ្រាវតាមជំនាញ គឺមិនឃើញមានធ្វើសកម្មនោះទេ ដោយសារមុខសញ្ញាបានឃើញមានផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម។
មន្ទីរប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់មហាជនផ្តល់ព័ត៌មាន ជាសម្ងាត់សិន ដើម្បីសមត្ថកិច្ចមានភាពងាយស្រួលប្រើប្រាស់វិធាការជំនាញ និងកុំទាន់ប្រញាប់ផ្សព្វផ្សាយជាសាធារណៈ ។
នាពេលកន្លងមកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ លេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការ បង្ការ បញ្ឃប់ការប្រើប្រាស់ ការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា(SISHA) និងបារីអេឡិចត្រូនិក(E-Cigarette) នៅកម្ពុជា ហើយបានព្រមានចាត់វិធានការក្តៅ ដោយធ្វើការបង្ក្រាបជាច្រើនលើកមកហើយ ព្រមទាំងរឹបអូសបានស៊ីហ្សា (SISHA) ឧបករណ៍ប្រើប្រាស់ និងបារីអេឡិចត្រូនិក(E-Cigarette) យកទៅបំផ្លាញចោល ខណៈអ្នកធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យា ជាបន្តបន្ទាប់ ផងដែរ។
គួរកត់សម្គាល់ថា ការប្រើប្រាស់បារីប្រភេទថ្មី ឬបារីអេឡិកត្រូនិក ក្នុងពេលបច្ចុប្បន្នហាក់មានសន្ទុះកើនឡើង ខណៈអ្នកប្រើប្រាស់ភាគច្រើនជាយុវជន។ការស្រាវជ្រាវខ្លះបានឱ្យដឹងថា ការប្រើប្រាស់បារីប្រភេទថ្មីនេះ គឺផ្តល់ឥទ្ធិពលអាក្រក់ ហើយក៏ជាច្រកមួយដែលអាចឆ្ពោះទៅកាន់ការប្រើប្រាស់គ្រឿងញៀន ផងដែរ៕