ភ្នំពេញ៖ សត្វជ្រូករស់ ចំនួន៣៥ក្បាល ដែលឈ្មួញនាំមកពីប្រទេសវៀតណាម ដោយខុសច្បាប់ នឹងបម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបង្រ្កាបបាន។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងពីថា ការបង្រ្កាបសត្វជ្រូកនាំចូលខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង០១ និង០៧នាទីយប់ ឆ្លងចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិឬស្សីទន្លេរ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ប្រភពដដែលបានឱ្យដឹងបន្តថា មន្រ្តីជំនាញបានស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDIA ចំណុះ៥តោន ពាក់ស្លាកលេខ ភ្នំពេញ ៣A-១៨៥៤ ដឹកសត្វជ្រូករស់ ចំនួន៣៥ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បច្ចុប្បន្នសត្វជ្រូករស់ និងវត្ថុតាងទាំងអស់ ត្រូវបានមន្រ្តីជំនាញ យកទៅរក្សាទុកនៅទីតាំង ចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕