ភ្នំពេញ៖ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានជំរុញដល់អ្នកពាក់ព័ន្ឋទាំងអស់ឱ្យពិនិត្យ និងចាត់វិធានការតាមនីតិវិធី លើករណីធ្វើអាជីវកម្ម និងចែកចាយ ផលិតផលថ្នាំជក់ប្រភេទថ្មី និងបារីអេឡិចត្រូនិច។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន បានប្រាប់អ្នកសារព័ត៌មាន ក្នុងស្រុក នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ថា អគ្គស្នងការ នគរបាលជាតិ បានផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនឱ្យឈប់ប្រើថ្នាំជក់ប្រភេទថ្មី និងបារីអេឡិចត្រូនិច ព្រោះមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងបន្តថា សមត្ថកិច្ចនឹងចុះណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់នាំចូលផលិតផលទាំងនេះ រហូតដល់ការបង្ក្រាបតែម្តង។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា បានដាក់វិធានការចំនួន៣ចំណុច លើករណីថ្នាំជក់ប្រភេទថ្មី និងបារីអេឡិចត្រូនិច៖
១,ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល SISHA និង I-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។
ទី២៖ ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល SISHA និង I-Cigarette តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ ប្រើប្រាស់ផលិតផលនេះដល់យុវជន និងការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។
និងទី៣៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និងតាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និងឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាធរមាន៕