ភ្នំពេញ៖ ផ្ទះចំនួន ៣៧ខ្នង ដែលរងការឆាបឆេះអស់ កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច រកឃើញថា កើតឡើងដោយសារការដុតបំផ្លាញ។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីអគ្គីភ័យនេះ ផ្តើមចេញពីលំនៅដ្ឋានរបស់ឈ្មោះ លឹម ភារុណ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត សរុបចំនួន ៣៧ខ្នង។
របាយការណ៍ដដែលបានបញ្ចាក់ថា មូលហេតុ នៃការឆាបឆេះនេះ គឺបណ្តាលមកពីការដុតផ្ទះបង្កជាអគិ្គភ័យ តែពុំបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស នោះទេ។
តាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងដែរថា សមត្ថកិច្ច បានប្រើប្រាស់រថយន្តអគ្គិភ័យ និងរថយន្តជំនួយអន្តរាគមន៍ សរុបចំនួន ៤១គ្រឿង ដោយប្រើប្រាស់ទឹកអស់ប្រមាណ១៤០ម៉ែត្រគូប និងបាញ់ពន្លត់ចប់នៅវេលាម៉ោង ១៨:០០ នាទីល្ងាច នាថ្ងៃដដែល៕