ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រកាសកែសម្រួលការផាកពិន័យបទល្មើសចរាចរណ៍ និងជំរុញដល់សមត្ថកិច្ចជំនាញ ឱ្យអនុវត្តច្បាប់ចំទិសដៅ។
នៅក្នុងសេចក្តីណែមួយដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក ផ្លូវការ របស់លោក ខៀវ កាញារីទ្ឋ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឱ្យដឹងថា ចំណុចដែលត្រូវកែសម្រួលរួមមាន៖ ទី១. រថយន្តពិន័យ ០៩ ចំណុច ត្រូវកែសម្រួលមក (ការអប់រំ ០៥ ចំណុច និងពិន័យ ០៤ ចំណុច)
យោងតាមប្រភពដដែលនេះ បានឱ្យដឹងបន្តថា ការកែសម្រួល ការអប់រំ ទាំង៥ចំណុច រួមមាន ៖១. មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា,២. ការល្មើសបទ និងជែង,៣. ការមិនពាក់ខ្សែក្រវ៉ាត់,៤. ការដឹកលើសចំណុះ (អប់រំណែនាំ និងរើទំលាក់ចុះ តាមច្បាប់កំណត់) និងទី៥. ការប្រើប្រាស់ទូរសព្ទ។
ចំណែកការពិន័យ ៤ ចំណុច រួមមាន ៖១. ល្មើសល្បឿនកំណត់,២. បើកបរក្នុងស្ថានភាពស្រវឹង,៣. គ្មានបណ្ណបើកបរ,៤. អត់ផ្លាកលេខ និងបណ្ណសម្គាល់រថយន្ត។
ដោយឡែក សម្រាប់ម៉ូតូដែលធ្លាប់អនុវត្តការពិន័យ ០៧ ចំណុច ត្រូវបានកែសម្រួលមក (ការអប់រំ ០៤ចំណុច និង ពិន័យ ០៣ចំណុច)។
ការអប់រំ ទាំង០៤ ចំណុច រួមមាន ៖១. មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា,២. ការល្មើសបទ និងជែង,៣. ការប្រើប្រាស់ទូរសព្ទ,៤. គ្មានកញ្ចក់ឆ្លុះត្រឡប់ក្រោយ។ ចំណែកការពិន័យ ០៣ចំណុច រួមមាន ៖១. មិនពាក់មួកសុវត្ថិភាព (តែត្រូវចេះបត់បែនតាមកាលៈទេសៈ បើមិនអាចទេ ត្រឹមធ្វើការអប់រំ),២. បើកបរក្នុងស្ថានភាពស្រវឹង និងទី៣. គ្មានផ្លាកលេខ៕