ភ្នំពេញ៖ ឥទ្ឋិពលជ្រលង នៃប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុងល្បឿនមធ្យម ទៅបង្គួរនឹងបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ ផ្គរ រន្ទះ កើតមាននៅតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២២។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះ បណ្តាផ្នែកខ្លះ នៃខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រក្នុងកម្រិតមធ្យម៕