ភ្នំពេញ៖ ជនសង្ស័យជួញដូរអាវុធម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ព្រមទាំងដកហូតបានអាវុធ សេរីថ្មី ជាច្រើនដើម ក្នុងប្រតិបត្តិការកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបុរីទួល សង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងដែរថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាអាវុធចំនួន៣ដើម រួមមាន៖ទី១. អាវុធខ្លី ម៉ាកGlook19 លេខBPRV205 ទី២.អាវុធខ្លីម៉ាកGlook លេខEVO403 ទី៣. អាវុធវែងម៉ាក CZ SCORPION EVO3A1 ។
សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា ក្រៅពីនេះ កម្លាំងជំនាញក៏បានរកឃើញនូវបំពុងខ្ទប់សំឡេង ចំនួន១០,គ្រាប់អាវុធខ្លី ប្រភេទ9mm ចំនួន៤២៦គ្រាប់ ,បង់អាវុធវែង ខ្លី និងឧបករណ៍សម្ភារជួសជុលអាវុធមួយចំនួនទៀតផងដែរ។
គួរកត់សម្គាល់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរអាវុធនេះ បានធ្វើឡើងក្រោយពីមានជនបរទេស១ក្រុម បានកាន់កាប់អាវុធខុសច្បាប់ និងបាញ់សមត្ថកិច្ចម្នាក់ឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕