ខេត្តកោះកុង៖ ក្មេងប្រុសជាកូនកសិករ ចំនួន២នាក់ បានស្លាប់ ដោយសារឧប្បទ្ទវហេតុគ្រោះធម្មជាតិ រន្ទះបាញ់ កាលពីអាទិត្យ វេលាម៉ោង ១៦.០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
យោងតាមរបាយការណ៍ពីស្នងការដ្ឋាន នគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះថា ក្មេងប្រុសជាកូនកសិករ ដែលរងគ្រោះបណ្តាលឱ្យស្លាប់ មានឈ្មោះ បូ សំណាង អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងឈ្មោះ រតនៈ អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីរ រស់នៅភូមិ ឃុំ ខាងលើ។
តាមការបំភ្លឺរបស់ម្តាយសពបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូន និងក្មួយ របស់គាត់បានទៅជួយភ្ជួរស្រែ ហើយបន្តិចក្រោយមកស្រាប់តែមានភ្លៀងលាយផ្គរ រន្ទះបាញ់ចំពួកគេបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាល ខេត្តកោះកុង បានធ្វើការត្រួតពិនិត្យលើសាកសពទាំងពីរ និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕