ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ចំនួន១៣ករណី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣៧នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់(ស្រី ១នាក់) ការដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ម្នាក់ ការប្រើប្រាស់ ១០ករណី ឃាត់ ៣២នាក់ (ស្រី ២នាក់) ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) = ៦១,៧៤ក្រាម និង២កញ្ចប់តូច ព្រមទាំងមេតំហ្វេតាមីន(Wy) = ០,០៥ក្រាម ផងដែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ និងទប់ស្កាត់ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ប្រទេស។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់បានណែនាំផងដែរ ដល់បណ្តាអង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នា ដើម្បីឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការនៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជា សកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕
អត្ថបទ៖លាង ឡា