សម្បត្តិវប្បធម៌ខ្មែរចំនួន២៧ រូប ដែលរឹប អូសបានដោយការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាថានក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ការបញ្ជូនមកវិញ នូវសម្បត្តិវប្បធម៌ខ្មែរនេះ ធ្វើឡើងដោយអនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាម ប្រាមនូវការនាំចូលលើប្រភេទ នៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថានក្រុងញូវយ៉ក នេះនើយោងតាមការឲ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃនេះ។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរដូចជា៖ ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ ជាដើម។
វត្ថុទាំង២៧ រូបនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលា ណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចាក់ថា “សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿង នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្គ្រាម និងអសន្តិសុខ កន្លងមក។ ដោយសារគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន នាំមកនូវសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរមរតកខ្មែរដែលបាន បាត់បង់ទាំងនោះត្រឡប់មកមាតុភូមិកំណើតវិញ ។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ស្ថាប័នពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក ជាពិសេស ការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថានក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងត្រួសួង ស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley 1. Gordon និងលោក Steven Heimberg ដែលបានជួយក្នុងការស្រាវ ជ្រាវ និងបញ្ចូនរតនសម្បត្តិទាំងនេះត្រឡប់មកកម្ពុជាវិញ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យ ឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការ និងប្រគល់សម្បត្តិវប្បធម៌ ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ"៕ (មានជ័យ)