ព្រះសីហនុ៖ អធិការរង នគរបាលក្រុងព្រះសីហនុម្នាក់ បានរងរបួសធ្ងន់ ដោយសារការផ្ទុះអាវុធ បង្កឡើងដោយក្រុមជនជាតិវៀតណាម នៅម្តុំឆាយណាថោន ស្ថិតក្នុងសង្កាត់លេខ៤ កាលពីយប់ថ្ងៃទី ១៥ខែមិថុនាឆ្នាំ ២០២២។
លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាល ក្រុងព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា មុនពេលមានករណីផ្ទុះអាវុធកើតឡើង គឺលោកទទួលព័ត៌មានពីជនរងគ្រោះជាអ្នករត់តាក់ស៊ីថា មានជនជាតិវៀតណាម ដកកាំភ្លើងគំរាម។ ក្រោយពីទទួលព័ត៌មាននេះភ្លាម លោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុដើម្បីធ្វើការឆែកមុខសញ្ញា។
លោកឱ្យដឹងបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅដល់គោលដៅដើម្បីសុំឆែកឆេរជនសង្ស័យ ប៉ុន្តែពួកគេចំនួន ៥នាក់ មិនព្រមឲ្យសមត្ថកិច្ចឆែកឆេរឡើយ ហើយជនសង្ស័យក៏បានដកអាវុធបាញ់មកលើសមត្ថកិច្ចបណ្ដាលឲ្យអធិការរងក្រុងម្នាក់រងរបួសជើងម្ខាង តែម្តង។
លោកវរសេនីយ៍ឯក តី វិសាល បានបន្ថែមថា ភ្លាមៗក្រោយពេលមានការផ្ទុះអាវុធ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ និងដកបានអាវុធខ្លី១ដើម នៅកន្លែងកើតហេតុ។
ជនជាតិវៀតណាម ទាំង៥នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញា ដែលផ្ដល់អាវុធឱ្យជនសង្ស័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕