ភ្នំពេញ៖ បណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ ដោយបង្កឱ្យមានការខូចខាតលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ឋ និងប៉ះពាល់ដល់ស្រែ ចម្ការ រាប់ម៉ឺនហិកតា។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា បណ្តាខេត្ត ដែលរងការប៉ះពាល់ រួមមាន៖ ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ទឹកលិចស្រូវ ចំនួន ៦,០១៦ហិកតា និងខូចខាត ៣,៥១៣ហិកតា ខេត្តបន្ទាយមានជ័យ ប៉ះពាល់ ៤,៦៦៤ហិកតា ខូចខាត ២,៣៨០ហិកតា និងខេត្តត្បូងឃ្មុំ ប៉ះពាល់ ១,៣៣៧ហិកតា និងខូចខាត ១,១៣៣ ហិកតា។
របាយការណ៍ដដែល បានបន្តថា ភ្លៀងធ្លាក់ខ្លាំងនាពេលកន្លងទៅ បានបង្កឱ្យបាក់ដាច់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនចម្ការចេក ហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង មាន១៥០បន្ទប់ និងតូបលក់ដូរចំនួន២,បាក់ដាច់ស្ពានឈើ ១កន្លែង និងជម្លៀសកម្មករទៅទីទួលសុវត្តិភាព ចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។
ដោយឡែក ខ្យល់កន្រ្តាក់ បានកើតមានចំនួន ១៩លើក នៅរាជធានី-ខេត្ត ចំនួន១៣ បណ្តាលឱ្យ រលំផ្ទះ និងខូចធ្ងន់ធ្ងរ ១៦៩ខ្នង របើកដំបូល និងខូចមធ្យម ២៩៤ខ្នង របើកដំបូលសាលារៀន ២អគារ ក្យូស និងតូបលក់ដូរ៩ សាលាឆាន់ ១ខ្នង និងរងគ្រោះស្លាប់១នាក់។ ការរងគ្រោះដោយរន្ទះបាញ់មានចំនួន ១៤លើក នៅមូលដ្ឋានខេត្តចំនួន១៤ បណ្តាលឱ្យបាត់បង់អាយុជីវិត ចំនួន ១៣នាក់(ស្រី៣)របួស០៨នាក់ និងងាប់គោ ក្របី ចំនួន ៣០ក្បាល ។
នៅក្នុងកិច្ចប្រជុំ កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យមន្រ្តីពាក់ព័ន្ឋ រៀបចំផែនការសកម្មភាពនានា ដើម្បីត្រៀមឆ្លើយតបក្នុងរដូវវស្សានេះ ខណៈកត្តាធម្មជាតិ បានប្រែប្រួលកាន់តែខ្លាំង៕