ចិនត្រូវការលើកលែងទណ្ឌកម្មលើអូស្ត្រាលីដើម្បីការលូតលាស់នៃទំនាក់ទំនង នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារ៍ ខណៈដែលលោកស្វាគមន៍ថាជារឿងល្អ នៃការជជែកគ្នាជាលើកដំបូងរវាងរដ្ឋមន្ត្រីនៃប្រទេសទាំង២ ក្នុងរយៈពេលជិត៣ឆ្នាំ។ ចិនគឺជាដៃគូរពាណិជកម្មដ៏ធំជាងគេរបស់អូស្ត្រាលី និងជាអ្នកដែលទិញដែកដ៏ធំជាងគេ ប៉ុន្តែទំនាក់ទំនងការទូតបានមានភាពល្អក់កករក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងការដាក់ទណ្ឌកម្មរបស់ខ្លួនចិនបានធ្វើបញ្ជីរថ្លែងសារទុក្ខចំនួន១៤ជាមួយអូស្ត្រាលី ដែលចេញពីអ្វីដែលគេហៅថាជាការចោទសួរក្នុងលក្ខណៈអន្តរជាតិពីប្រភពដើមនៃជម្ងឺកូវីដ-19, ការរារាំងមិនឲ្យកសាងប្រព័ន្ធ 5G នៃក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei និងការតាមដាននូវការវិនិយោគបរទេសក្នុងហេតុផលហានិភ័យនៃសន្តិសុខជាតិ។
“គឺចិនដែលជាអ្នកដាក់ទណ្ឌកម្មលើអូស្ត្រាលី ពួកគេត្រូវតែលើកលែងនូវទណ្ឌកម្មទាំងអស់នោះ ដើម្បីការលូតលាស់នៃទំនាក់ទំនងនៃប្រទេសទាំង២” លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Brisbane ។ អតីតរដ្ឋាភិបាលអូស្ត្រាលីបានធ្វើអត្ថាធិប្បាយពីទណ្ឌកម្មរបស់ចិន មកលើទំនិញកសិកម្មនិងឋាមពលរបស់ខ្លួន ថាជាការកៀបសង្កត់លើសេដ្ឋកិច្ច នៅចំពេលដែលទំនាក់ទំនងការទូតបានកកស្ទះអស់ជាច្រើនឆ្នាំរដ្ឋមន្ត្រីអូស្ត្រាលីក៏មិនអាចធ្វើទំនាក់ទំនងជាមួយសមភាគីចិនតាមទូរស័ព្ឌបាន។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Richard Marles បានជួបជាមួយសមភាគីចិនរបស់លោក គឺលោក Wei Fenghe នៅក្រៅកិច្ចប្រជុំសន្តិសុខកំពូលនៅសឹង្ហបុរីកាលពីថ្ងៃអាទិត្យ ដែល Marles បានពិពណ៌នាថាការជជែកគ្នារបស់ពួកគេអស់ពេល១ម៉ោង ថាជាជំហ៊ានទី១ដ៏មានសារៈសំខាន់។ Albanese បាននិយាយថា វាជារឿងល្អដែលរដ្ឋមន្ត្រីបានជួបគ្នានិងកត់សំគាល់ថាវាមានសារៈសំខាន់ដល់ពាណិជ្ជកម្មជាមួយចិនសំរាប់សេដ្ឋកិច្ចអូស្ត្រាលី។ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃច័ន្ទថា Albanese បានឆ្លើយតបទៅនឹងសារអបអរសាទររបស់លោកនាយករដ្ឋមន្ត្រី Li Kequiang លើការជាប់ឆ្នោតរបស់លោកកាលពីខែមុនដោយបន្ថែមថា លោកចង់ឃើញណាស់នូវសកម្មភាពនៃទំនាក់ទំនងដែលមានការលូតលាស់។
“ដើម្បីការលូតលាស់នៃទំនាក់ទំនងចិន-អូស្ត្រាលី វានឹងមិនមានរូបមន្តជាស្វ័យប្រវត្តិនោះទេ ការរៀបចំឡើងវិញវាតម្រូវឲ្យមានសកម្មភាពដ៏រឹងមាំមួយ” អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Weibin បានប្រាប់សន្និសិទ្ធកាសែតប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំង។ លោកមិនបានធ្វើការពិពណ៌នាលម្អិតនូវអ្វីដែលចិនចង់បាននោះទេ។ Albanese បានបដិសេធមិនបរិយាយពីអ្វីដែលលោកបាននិយាយទៅកាន់លោក Li Kejiang នោះទេ “ខ្ញុំបានឆ្លើយតបដោយសមរម្យ”៕