ភ្នំពេញ៖ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារ និងដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ រយៈពេល៣ខែ ដោយសារបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ បង្កឱ្យមានការរិៈគន់ពីសាធារណជន។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះថា មន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង បង្កការរិៈគន់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិគឺជាមន្រ្តី នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
យ៉ាងណាក៏ដោយ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចាត់ទុកករណីនេះ ជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះ មិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង។ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កិលជារៀលរាល់ថ្ងៃផងដែរ៕