ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរឹបអូសបានសារធាតុញៀន ទម្ងន់ជាង៥៤គីឡូក្រាម នៅក្នុងប្រតិបត្តិការ ចំនួន៤គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបង្ហាញនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការបង្រ្កាបនេះ ធ្វើឡើងតាមបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ។
អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងបន្តថា សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅរួមមាន៖គោលដៅទី១៖ នៅចំណុច ភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងគ្រឿងញៀនហេរ៉ូអ៊ីន ៧គីឡូ និង២៦.២ក្រាម។គោលដៅទី២៖ នៅចំណុច ផ្លូវ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូ និង៩៦៣.៧ក្រាម, កេតាមីន១៣គីឡូជនិង៨ក្រាម។គោលដៅទី៣៖ ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុច ផ្លូវលេខ២ ក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាង មេតំហ្វេតមីន(ICE)៦៨៨.៨៦ក្រាម។
និងគោលដៅទី៤៖ ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាធឺមែនប៉ាវលី នៅផ្លូវលេខ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន (ICE)៤១៧.៣៥ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម។អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់មានឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន និងទី២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕