ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបបួលអ្នកចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ស្បថក្រោយពេលមានការចោទប្រកាន់ពីការលួចសន្លឹកឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទសួរអ្នកចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ករណីលួចសន្លឹកឆ្នោត និងចង់ឱ្យអ្នកចោទប្រកាន់ជួយបង្រៀនពីរបៀបលួច ព្រោះសម្តេចមិនដឹងរបៀបលួចយ៉ាងណានោះឡើយ ហើយថែមទាំងចោទជាសំណួរត្រឡប់ទៅវិញថា ប្រសិនបើអ្នកច្បាស់ថាគេលួច តើហ៊ានស្បថឱ្យរន្ទះបាញ់ដែរទេ។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់បណ្តាគ្រប់ភាគីទាំងអស់ដែលបានចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រកបដោយភាពជោគជ័យ មិនមានបញ្ហាអ្វីកើតឡើង និងបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ព្រមទាំងគ្មានអំពើហិង្សា ដែលជាការបង្ហាញអំពីភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា បានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ២០២២ ហើយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២២ខាងមុខ៕