ភ្នំពេញ៖ លោក ស្រេង សុខា អតីតស្នងការរង នគរបាលខេត្តកណ្តាល ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារខេត្តកណ្តាល វិញហើយ កាលពីព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ តាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់សាលាឧទ្ឋរណ៍ភ្នំពេញ។
យោងតាមលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជានីតិវិធី គឺឱ្យគាត់ត្រឡប់ទៅវិញ តាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនលេខ២៩ ដ.ក.ឧ/២២ របស់សភាព្រហ្មទណ្ឌ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថា លោក ស្រេង សុខា អតីតស្នងការរង នគរបាលខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់លោក រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ ខេត្តកណ្តាល ពាក់ព័ន្ធបញ្ហាដីធ្លី នៅក្រុងតាខ្មៅ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ៦ខែ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល។
យ៉ាងណាក៏ដោយ ក្រោយមក លោក ស្រេង សុខា ក៏មានដីកាមួយបញ្ឈប់ឱ្យចាប់ខ្លួនពីសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ផងដែរ។
លោក ស្រេង សុខា អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្ន និងបង្គាប់ឲ្យបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀលរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី៕