ភ្នំពេញ៖ ជ្រូករស់នាំចូលខុសច្បាប់ ចំនួន៨០ក្បាល ត្រូវបានមន្រ្តីជំនាញស្ទាក់ចាប់បាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ១ ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ក្រោយពេលឈ្មួញនាំចូលតាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយបម្រុងនាំទៅចែកចាយនៅរាជធានីភ្នំពេញ។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សកម្មភាពនាំចូលជ្រូករស់ខុសច្បាប់បានកើតមានជារៀងរាល់ថ្ងៃ។ជាក់ស្តែងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីជំនាញបានស្ទាក់ចាប់ជ្រូករស់បាន ចំនួន៨០ក្បាល គ្មានលិខិតអនុញ្ញាត បានដឹកតាមរថយន្ដដឹកទំនិញចំណុះ ៥តោនមួយគ្រឿង ពាក់ស្លាកលេខ 3F-9874 នាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក។
នៅក្នុងសកម្មភាពចុះបង្រ្កាបនេះ គេសង្កេតឃើញមានក្រុមឡានស៊ឺរ៉ែន ២គ្រឿង បានធ្វើសកម្មភាពចេញមុខកាងការពាររថយន្ដដឹកជ្រូកល្មើសច្បាប់ ក្នុងគោលបំណងអន្ដរាគមន៍រំដោះរថយន្ដ ប៉ុន្ដែនៅតែមិនអាចគេចរួចពីមន្រ្ដីជំនាញនោះទេ។
ជុំវិញបញ្ហានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះសកម្មភាពបុគ្គលតាំងខ្លួនជាមន្រ្ដីមកអន្តរាគមន៍រឿងខុសច្បាប់ថា កំពុងបំផ្លាញនូវសមិទ្ធិផលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំជំរុញលើកស្ទួយវិស័យចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសការចិញ្ចឹមសត្វលក្ខណៈគ្រួសារ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រោយពីបង្រ្កាបបាន ក្រុមមន្រ្ដីជំនាញ បាននាំយកបទល្មើស និងវត្ថុតាងទាំងអស់ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕