ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួន និងបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ឋករណីជួញដូរអាវុធខុសច្បាប់ ប្រភេទដាវ សាម៉ូរ៉ៃ ចំនួន១៩០ដើម។
ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រ្តីជំនាញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុក និងតាមផេក ក្នុង១ដើម តម្លៃ៥០ដុល្លារ ដោយដាក់ទូរសព្ទ ផ្ទាល់ខ្លួន។
មន្រ្តីជំនាញ បានបន្តទៀតថា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យបានយកដាវសាម៉ូរ៉ៃ ទៅប្រគល់ឲ្យអតិថិជន ទើបត្រូវសមត្ថកិច្ចឃាត់តែម្តង។ក្រោយការឃាត់ខ្លួនរួច សមត្ថកិច្ចបាននាំឈ្មោះ ទីវ ឈុនទី ទៅឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ និងរកឃើញវត្ថុតាំងដាវសាម៉ូរ៉ៃ ចំនួន ១៩០ដើម។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់វិធានការបន្ត៕