NCA,Sydney-
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Richard Marles បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាលោកបានត្រូវគេណែនាំខ្លូនទៅកាន់សមភាគីចិន លោក Wei Fenghe នៅក្នុងកិច្ចប្រជុំសន្តិសុខកំពូល Shangri-La Dialogue ដែលជាទំនាក់ទំនងលើកទី១ រវាងប្រជាជាតិទាំង២ក្នុងរយៈពេលជាង២ឆ្នាំ។ Marles ដែលបម្រើការជាឧបនាយករដ្ខមន្ត្រីអូស្ត្រាលីផងដែរ បានប្រាប់ Sky News របស់អូស្ត្រាលីថា អ្នកទាំង២បានចាប់ដៃគ្នានៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខ " ប៉ុន្តែមិនមានឱកាសបានជជែកគ្នាឲ្យបានសមរម្យទេ"។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា វាអាចធ្វើទៅបានឲ្យមានការជួបប្រជុំមួយរវាងពួកគេដែលនឹងអាចកើតឡើងនៅថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំផ្តាច់ព្រ័ត។
ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងកង់បេរ៉ា មានភាពល្អក់កករក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បន្ទាប់ពីមានការអំពាវនាវពីអូស្ត្រាលីឲ្យមានការស៊ើបអង្កេតជាឯករាជ្យទៅលើប្រភពនៃជម្ងឺឆ្លងរាតត្បាតពិភពលោក កូរ៉ូណាវីរុស និងការហាមឃាត់ក្រុមហ៊ុនយក្សទូរគមនាគមន៍ Huawei មិនឲ្យសាងសង់បណ្តាញ 5G នៅក្នុងអូស្ត្រាលី។ Marles បាននិយាយដោយប្រុងប្រយ័ត្នថាទំនាក់ទំនងក្នុងពេលនោះ "បើនិយាយឲ្យត្រង់ទៅ វាគ្មានអ្វីក្រៅពីការចាប់ដៃគ្នាទេ" ប៉ុន្តែលោកបានកត់សគាល់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin បានជួបជាមួយ Wei នៅសឹង្ហបុរី។
លោកបានអំពាវនាវឲ្យចិនត្រូវតែមានតម្លាភាព អំពីការកសាងយោធាដ៏ធមួយ។ "អសន្តិសុខគឺជាអ្វីដែលនាំឲ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធ ហើយយើងមិនអាចទ្រាំទ្រមើលវាកើតឡើងនៅក្នុងផ្នែកណាមួយនៃពិភពលោកនោះទេ" Marles និយាយ។ ការចាប់ដៃនេះវាបានលេចចេញមកខណៈដែលលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងទេសចរណ៍អូស្ត្រាលី Don Farrell បានស្វែងរកនៅក្នុងកិច្ចប្រជុំមួយជាមួយសមភាគីចិនខណៈដែលធ្វើឡើងនៅក្នុងទីក្រុងហ្សឺណែវក្នុងកិច្ចប្រជុំសមាគមន៍ពាណិជ្ជកម្មពិភពលោក។
"ខ្ញុំបានរង់ចាំមើលឱកាសជាលើកដំបូងដើម្បីប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wang Wentao " Farrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ នេះគឺជាទំនាក់ទំនងដោយផ្ទាល់និងក្នុងកំរិតខ្ពស់រវាងប្រជាជាតិទាំង២ក្នុងរយៈពេលជាង២ឆ្នាំនៃភាពជូរចត់នៃទំនាក់ទំនង។ "នេះគឺជាកន្លែងមួយដែលទំនាក់ទំនងនិងការជជែកគ្នាអាចកើតមានឡើងបាន ដែលវាមានសារៈសំខាន់ជាទីបំផុត ខ្ញុំចង់និយាយថា យើងមានភាពច្បាស់លាស់ថាយើងចង់ឲ្យមានទំនាក់ទំនងជាអន្តរជាតិ" Marles បាននិយាយបន្ថែមទៀតថា វារិតតែមានសារៈសំខាន់ណាស់ទៅទៀត បើយើងបានជជែកគ្នា ដោយវិជ្ជាជីវៈនិងការគោរពគ្នាទៅវិញទៅមក។