ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ នៅប្រទេសសិង្ហបូរី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗ ដោយអនុលោមទៅតាមបរិស្ថានសន្តិសុខរបស់ប្រទេសខ្លួន របស់តំបន់ និងពិភពលោក។
ថ្លែងនៅចំពោះមុខបណ្តាថ្នាក់ដឹកនាំបរទេស សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍លើកឡើងថា កត្តាកំណត់សំខាន់បំផុត គឺការការពារប្រកបដោយបុព្វហេតុត្រឹមត្រូវនិងយុត្តិធម៌ នូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ហើយកម្ពុជា ត្រូវការចាំបាច់នូវសមត្ថភាពទាន់សម័យ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងនានា។
យោងតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ដែលស្រង់ប្រសាសន៍របស់សម្តេច ទៀ បាញ់ បានឱ្យដឹងថា ការចោទប្រកាន់ជុំវិញមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហា ហើយជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជា យ៉ាងពេញទី។
សម្តេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានអះអាងជាថ្មីថា កម្ពុជានៅតែជាម្ចាស់ នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប ហើយការអភិវឌ្ឍមូលដ្ឋាននេះទៀតសោត មិនមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិតក្តី ឬឆ្ងាយក្តី នោះឡើយ ហើយចាត់ទុកការចោទប្រកាន់សព្វបែបយ៉ាង ជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា៕