ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទនិងបក្ខពួកជាច្រើននាក់ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះប្រមូលយកទៅចាត់វិធានការបន្តដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឡើងវិញ។
នៅក្នុងការចុះប្រមូលក្រុមស្រ្តីរកស៊ីផ្លូវភេទ កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានអាជ្ញាធរអះអាងថា ជាការរៀបចំសណ្តាប់ធ្នាប់ ព្រោះកន្លងមកពួកគេតែងតែបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យកើតមានករណី លួច-ឆក់-ប្លន់ ព្រមទាំងសកម្មភាពឆបោកជាច្រើនទៀត។
របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងថាជាលទ្ធផល អាជ្ញាធរប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និងក្រុមអ្នកឈរកាង បានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបីម្នាក់។
តាមការបញ្ជាក់របស់អាជ្ញាធរ បានឱ្យដឹងថា សាលាខណ្ឌដូនពេញ បានរៀបចំឯកសារបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបង្ហាត់បង្រៀនចំណេះជំនាញ ដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម៕
អត្ថបទ៖លាង ឡា