ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រាន ដុតបំផ្លាញព្រៃឈើ និងការកាយដីលើភ្នំ នៅក្នុងតំបន់ដីព្រៃដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសំឡូត ខេត្តបាត់ដំបង និងប្រកាសចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែង។
នៅក្នុងការចុះពិនិត្យជាក់ស្តែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធ នឹងត្រូវចាប់ឱ្យបានចំពោះជនណាដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដៃភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធានការក្ដៅទេ ព្រៃឈើនៅតំបន់ព្រៃនេះ នឹងរងការទន្ទ្រានជាបន្តបន្ទាប់ ចំណែកចំពោះអ្នកដែលធ្វើការកាយដីភ្នំដោយខុសច្បាប់ ក៏ត្រូវចាត់វិធានការដែរ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យបន្តទៀតដែរ។
លោក សុខ លូ ក៏បានណែនាំដល់អាជ្ញាធរឃុំ ឱ្យបន្តផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋ កុំឱ្យកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងណែនាំដល់អាជ្ញាធរឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិដែលប្រើប្រាស់ដីព្រៃរបស់រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរឃុំ មានមេឃុំ និងអ្នកពាក់ព័ន្ធដទៃទៀត ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
ពុំទាន់មានរបាយការណ៍ពីការកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ក្នុងតំបន់ស្រុកសំឡូត ធ្វើជាកម្មសិទ្ធិ នៅឡើយទេ ប៉ុន្តែនៅក្នុងសកម្មភាពចុះពិនិត្យ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឱ្យដាំដើមឈើឡើងវិញតាមលទ្ធភាពជាក់ស្ដែង៕
អត្ថបទ៖លាង ឡា