យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់ បានស្លាប់បាត់បង់ជីវិតនិងជាង១០នាក់ បានរងរបួសបន្ទាប់ពីទូររថភ្លើងចំនួន៣ បានធ្លាក់ចេញពីផ្លូវនៅចន្លោះរវាងទីក្រុង Mashhad និង Yazd ។ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចុះពីផ្លូវដែកនៅក្នុងភាគខាងកើតអៀរ៉ង់កាលពីថ្ងៃពុធ ដោយបានបណ្តាលឲ្យស្លាប់ជីវិតមនុស្សនិងរងរបួសជាច្រើន ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋបានរាយការណ៍។ អ្នកនាំពាក្យអយស្ម័យានម្នាក់បានប្រាប់វិទ្យុរដ្ឋថា មនុស្ស៨នាក់បានស្លាប់ ខណៈដែលទូរទស្សរបស់រដ្ឋបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់។
ការធ្លាក់ចុះរថភ្លើងពីលើផ្លូវនេះបានកើតឡើងនៅចំកន្លែងទីរហោដ្ឋានជិតទីក្រុង Tabas នៅលើផ្លូវដែកដែលភ្ជាប់ទៅកាន់ទីប្រជុំជនមួយនៅចំកណ្តាលទីក្រុង Yazd ។ សេចក្តីរាយការណ៍បាននិយាយថា រថយន្តចំនួន៤នៃរថយន្តចំនួន៧គ្រឿង ដែលនៅក្នុងរថភ្លើងបានរអិលធ្លាក់នៅក្នុងពេលព្រលឹមស្រាងៗ។ មានការព្រួយបារម្ភថា ចំនួនអ្នករងគ្រោះនឹងអាចកើនឡើង។ រថយន្តគិលានសង្រ្គោះនិងឧទ្ធម្ភាគចក្រដែលដឹកអ្នកជួយសង្រ្គោះបានមកដល់កន្លែងកើតហេតុនៅក្នុងតំបន់ដាច់ស្រយាល ដែលទំនាក់ទំនងគ្នាមានការលំបាក។
មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះមិនត្រូវបានដឹងភ្លាមៗនោះទេ។ ប្រព័ន្ធផ្ស័ព្វផ្សាយនៅនឹងកន្លែងបាននិយាយថា រថភ្លើងបានបុកជាមួយនឹងត្រាក់ទ័រកាយដីមួយគ្រឿង។ អៀរ៉ង់មានផ្លូវអយស្ម័យានលាតសន្ធឹងចម្ងាយប្រមាណប្រហែលជា១៤,០០០គ.ម.នៅពាសពេញផ្ទៃប្រទេស។ អៀរ៉ង់ត្រូវបានគេមើលឃើញថាមានគ្រោះមហន្តរាយដ៏អាក្រក់អាក្រីនៃគ្រោះថ្នាក់រថភ្លើងនៅក្នុងឆ្នាំ២០០៤ ពេលដែលរថភ្លើងដែលផ្ទុក ប្រេងឥន្ធនៈ ជីរ និងសំឡីបានបុកគ្នានៅជិត Neyshabur ដែលបានសម្លាប់មនុស្សអស់៣២០នាក់ និងរងរបួស៤៦០នាកដ៏ទៃទៀត។ ភូមិចំនួន៥ក៏ត្រូវបានខូចខាតនៅក្នុងឧប្បទ្ទវហេតុនោះ។
គ្រោះថ្នាក់ដោយសាររថភ្លើងមួយទៀតនៅក្នុងឆ្នាំ២០១៦ បានសម្លាប់ជីវិតមនុស្សជាង១០នាក់ និងរងរបួសជាច្រើន។ អៀរ៉ង់មានអត្រាស្លាប់ប្រចាំឆ្នាំនៅលើដងផ្លូវប្រហែលជា១៧,០០០នាក់ក្នុង១ឆ្នាំ ដែលជាអត្រានៃសុវត្តិភាពដ៏អាក្រក់អាក្រីបំផុតក្នុងគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក។ អត្រានៃការស្លាប់ដ៏ច្រើននេះត្រូវបានគេស្តីបន្ទោសទៅលើការដែលមិនគោរពច្បាប់ចរាចរណ៍របស់មនុស្សចំនួនដ៏ច្រើន កត្តាយាន្តជំនិះ និងសេវាកម្មសង្រ្គោះបន្ទាន់មិនគ្រប់គ្រាន់៕