ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអះអាងថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ក្នុងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នោះទេ ប៉ុន្តែកម្ពុជា នៅរក្សាសិទ្ឋិក្នុងការទទួលជំនួយយោធានានា ពីប្រទេសជាមិត្ត។
ការថ្លែងអះអាងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា គម្រោងសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ធ្វើឡើងក្នុងបំណងលើកកម្ពស់វិស័យការពារជាតិ ហើយសមិទ្ឋិផលថ្មីនេះ ក៏ធ្វើឡើងស្របតាមកំណែទម្រង់របស់កងយោធពលខេមរៈភូមិន្ទ ផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿថា ក្រោយការសាងសង់ និងបំពាក់ឧបករណ៍សម្ភាររួចរាល់ កងទ័ព នឹងមានសមត្ថភាពខ្ពស់ជាងមុន ខណៈកម្ពុជា គ្មានចេតនាបង្កការគំរាមកំហែង ឬបង្កទំនាស់ជាមួយបណ្តាប្រទេសណាមួយនោះដែរ។
នៅក្នុងពិធីនេះដែរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន បានបង្ហាញពីភាពរឹងមាំជិតស្និតយូរអង្វែងរវាងប្រទេសទាំងពីរ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ផងដែរ។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក៏បានរិៈគន់ចំពោះការចោទប្រកាន់ពីសំណាក់បណ្តាប្រទេសមួយចំនួនមកលើទំនាក់ទំនងរវាងចិន និងកម្ពុជា ផងដែរ។
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានច្រានចោលការចោទប្រកាន់ និងការផ្សព្វផ្សាយមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម និងបានបញ្ជាក់ជាថ្មីថា រដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានអះអាងថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាម គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ការពារបូរណភាពដែនសមុទ្រ និងប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ៕