ភ្នំពេញ៖ ការចាក់វ៉ាក់សាំងដូសជំរុញទី៥ សម្រាប់មន្រ្តីជួរមុខ នឹងត្រូវធ្វើឡើង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ខណៈមន្រ្តីក្រសួងសុខាភិបាល អះអាងថា ដូសជំរុញទី៥នេះ នឹងជួយបង្កើនប្រព័ន្ធភាពសាំនៅក្នុងសិរីរាង្គរបស់បុគ្គល។លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានក្រើនរម្លឹកនៅក្នុងសារសំឡេងមួយ ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យអញ្ជើញទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៥ តាមការកំណត់របស់ក្រសួងសុខាភិបាល។
លោកស្រីបានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច កូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ដល់ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ស៊ីវិល កងទ័ព នគបាលជាតិ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុ ចាប់ពី៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន ទាំង សមាជិក សមាជិកានៃសមាគមអ្នកសិល្បៈករកម្ពុជា ព្រមទាំងក្រុមមនុស្សដែលមានប្រព័ន្ធ ការពារខ្សោយ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងដូសទី៤ រួចមាន គម្លាតយ៉ាងតិច៣ខែឡើង អាចទទួលការចាក់វ៉ាក់សាំងដូសទី៥ នៅមន្ទីពេទ្យជាតិ និងតាមបណ្តាមន្ទីពេទ្យផ្សេងៗ ដែលចេញផ្សាយដោយរដ្ឋបាលរាជធានីខេត្ត។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងដែរថា ការទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសទី៥ គឺជាការ ជួយបង្កើននូវប្រព័ន្ធភាពសាំ នៅក្នុងសិរីរាង្គរបស់បុគ្គលផង និងរក្សានូវភាពរឹងមាំនៃភាពសាំ ក្នុងសហគមន៍ផង ដើម្បីឆ្ពោះទៅរករស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី។គួរកត់សម្គាល់ថា អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ កម្ពុជា ពុំមានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ នោះទេ ខណៈគិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៩៤,០៤ភាគរយ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់៕