ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានធ្វើឡើងមានតម្លាភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ នៅសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីតំណាងស្ថាប័ន AIPA, IPTP, ICAPP, Independent Observers, Think Tank 2022, CAPDI, CDI និងអ្នកពាក់ព័ន្ឋជាច្រើនទៀត បានវាយតម្លៃថា ការបោះឆ្នោត បានធ្វើឡើងប្រកបដោយភាពជោគជ័យ ដោយចំនួនអ្នកចូលរួមបោះឆ្នោតមានកម្រិតខ្ពស់ និងពុំមានអំពើហិង្សា។
លោក រ៉ាមីន ម៉ាម៉ាឌូវ (Ramin Mammadov) តំណាងអាយខាប់ (ICAPP) បានវាយតម្លៃដែរថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានប្រារព្ធឡើងដោយតម្លាភាព មិនមានការចាប់បង្ខំ ឲ្យបោះឆ្នោតឡើយ ពោលគឺអ្នកចង់បោះឆ្នោត គឺបានទៅចូលរួមបោះឆ្នោត ហើយអ្នកមិនចង់បោះឆ្នោត មិនបានទៅបោះឆ្នោត។
សូមជម្រាបថា លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មារធិការជាតិ រៀបចំការបោះឆ្នោត ប្រកាសកាលពីថ្ងៃទី៥ ខែមិថុនាម្សិលមិញថា មានពលរដ្ឋជាង៧លាននាក់ ស្មើនឹងចំនួនប្រជាពលរដ្ឋ ប្រមាណជិត៧៨ភាគរយ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។
លោកបានចាត់ទុកការបោះឆ្នោតនេះថា បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។
យោងតាមលទ្ឋផលបណ្តោះអាសន្នរបស់គណៈកម្មារធិការជាតិ រៀបចំការបោះឆ្នោត បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ នាំមុខគេ និងបន្ទាប់មកបានទៅលើគណបក្សភ្លើងទៀន៕
អត្ថបទ៖ លាង ឡា