ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥ ០០០ដុល្លារ ដល់អតីតបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol។
យោងតាមប្រភពពីខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ក្រៅពីការឧបត្ថម្ភថវិកា ចំនួន៥ ០០០ដុល្លារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនជីដូនរបស់យុវជន ទុំ រដ្ឋា ដែលបានចិញ្ចឹមបីបាច់យុវជនកំព្រាឪពុកម្តាយរូបនេះផងដែរ។
ខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងដែរថា ចំពោះថវិកាឧបត្ថម្ភត្រូវបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមបញ្ជាក់ថា បេក្ខជន ទុំ រដ្ឋា ត្រូវបានគេស្គាល់តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ក្នុងរដូវកាលទី៤ វគ្គ Judge Audition កាលពីយប់ថ្ងៃទី ២៩ ខែឧសភា ប៉ុន្តែមិនទទួលបានការសម្រេចឲ្យឈានទៅវគ្គបន្តពីគណៈកម្មការនោះទេ ជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំងទៀតផង។
យ៉ាងណាក៏ដោយ ក្រោយមានបញ្ហានេះរួចមក គេសង្កេតអតីតបេក្ខជន ទុំ រដ្ឋា ទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់តារាចម្រៀងល្បីៗមួយចំនួនប្រចាំកម្ពុជា ព្រមទាំងមហាជនជាច្រើនទៀតផងដែរ៕
អត្ថបទ៖លាង ឡា