ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ស្អែកនេះ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូ អំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ ខណៈពេលដែលសម្ដេចតេជោចូលមកភ្នំពេញដំបូងបានជួបប្រជាជនតែ ៧០នាក់ប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដែរថា អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមកខៀវមកកម្ពុជាតែពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅប្រតិបត្តិការនៅប្រទេសដទៃ។
នៅក្នុងជំនួបនោះដែរ សម្តេចតេជោបានលើកឡើងដែរថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ផ្ដើមតាំងពីឆ្នាំ២០០២ ដែលនេះជាការបោះឆ្នោតសកលហើយការបោះឆ្នោតនេះ គឺជាការផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ត ព្រឹទ្ធសភា។
តាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្តថា អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមសង្កេតពីដំណើរការបោះឆ្នោតនៅកម្ពុជា មានដូចជា៖ អង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម។ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិនេះ នឹងចុះទៅតាមមណ្ឌលបោះឆ្នោតនានា ដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ៕
អត្ថបទ៖លាង ឡា