ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យរួមគ្នាអនុវត្តន៍វិធានសុខាភិបាលការពារជំងឺកូវីដ-១៩។ សារសំឡេងរបស់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ទោះបីមិនមានការឆ្លងជំងឺកូវីដ-១៩ រយៈពេលជាច្រើនថ្ងៃក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ-១៩ នៅពេលមានការប្រមូលផ្តុំនោះដែរ។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ-១៩ ដោយកាន់ជាប់ជាមួយអាល់កុល ការរក្សាគម្លាត និងពាក់ម៉ាសជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា រយៈពេល៥ឆ្នាំកន្លងទៅនេះ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ បានធ្វើការយ៉ាងនឿយហត់ ដើម្បីប្រជាពលរដ្ឋ និងបានទទួលស្គាល់ថា ពិតជាមានការខ្វះខាតមួយចំនួនកើតចេញពីក្រុមប្រឹក្សាឃុំ/សង្កាត់។ សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា និងបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួម ប្រគួតប្រជែង៕