បាត់ដំបង៖ មន្រ្តីជំនាញខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវលើករណីពុលអាហារមួយ ដែលបណ្តាលឱ្យព្រះសង្ឃនិងអ្នកភូមិជាច្រើនអង្គ/អ្នកត្រូវបានបញ្ជូនទៅសង្រ្គោះក្នុងមន្ទីរពេទ្យ ដោយក្នុងនោះរកឃើញមានសារធាតុហាមឃាត់ម្យ៉ាងក្នុងចំណីអាហារ។
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញគំរូទឹកត្រីជ្រលក់ (ទឹកត្រីបាញ់ហយ) វិជ្ជមានសារធាតុ Salicylic Acid។
មន្ត្រី ក.ប.ប. បានបញ្ជាក់ថា យោងតាមលទ្ធផលខាងលើនេះ មន្ត្រីស៊ើបអង្កេត នឹងបន្តនីតិវិធីវិភាគ និងស្រាវជ្រាវពាក់ព័ន្ធ នឹងវត្តមានសារធាតុ Salicylic Acid នៅក្នុងទឹកត្រីជ្រលក់នេះបន្ថែមទៀត ដោយការចុះស្រាវជ្រាវនេះ មានកិច្ចសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកម្លាំងអធិការនគរបាលស្រុកគាស់ក្រឡ ផងដែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋបានយកចង្ហាន់ បាញ់ហយ និងមានបន្លែច្រើនមុខ ទៅប្រគេនព្រះសង្ឃ នៅថ្ងៃឧបោសថសីល នៅក្នុងវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្រោយពីបានឆាន់ និងទទួលទាន ស្រាប់តែមានការភ្ញាក់ផ្អើលភ្លាមៗ ដោយសារព្រះសង្ឃ ៥អង្គ និងពុទ្ធបរិស័ទ សរុបចំនួន ៥២អង្គ/នាក់ បានចុកពោះ រាគ និងក្អួតចង្អោរ ជាបន្តបន្ទាប់ ហើយអ្នកពុលអាហារទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា មកទល់ពេលនេះ អ្នកពុលអាហារទាំងអស់ ត្រូវបានជួយសង្រ្គោះ និងបានធូរស្បើយច្រើនហើយ ហើយក៏បានវិលត្រលប់ទៅផ្ទះវិញបណ្តើរៗដែរ៕