គម្រោងចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវបានរៀបចំឡើងកាលពីដើមឆ្នាំ២០២១កន្លងមកនោះ ត្រូវបានពន្យាពេលហើយ ដោយសារតែបញ្ហាសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះបើតាមអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា ដែលថ្លែងឲ្យដឹងកាលពីរសៀលថ្ងៃទី៣១ ខែឧសភា នេះ។
លោក គង់ ពុទ្ធិកា បានបញ្ជាក់ថា តាមកម្មវិធីរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក បានកំណត់ថា នឹងធ្វើកិច្ចប្រជុំនៅខែមិថុនានៅប្រទេសរុស្ស៊ីហើយឆ្នាំនេះរុស្ស៊ី គឺជាប្រធាននៃកិច្ចប្រជុំ ដែលបានកំណត់រួចហើយកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំលើកទី៤៤ នៅប្រទេសចិន។ លោកថា បច្ចុប្បន្ននេះពាក់ព័ន្ធទៅនឹងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យមានបញ្ហាស្មុគស្មាញក្នុងការរៀបចំកិច្ចប្រជុំនេះ ដូច្នេះគណៈកម្មការបេតិកភណ្ឌពិភពលោកមិនទាន់សម្រេចថា នឹងរៀបចំកិច្ចប្រជុំនៅពេលណានោះទេ។ លោកសង្ឃឹមថា គណៈកម្មការកម្មការបេតិកភណ្ឌពិភពលោក នឹងរកបានដំណោះស្រាយឈ្នះឈ្នះនាពេលឆាប់ៗខាងមុខដើម្បីរៀបចំកិច្ចប្រជុំនេះ។
សូមបញ្ជាក់ថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទទាំងពីរនេះ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧៕