ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ម្សិល មិញ នៅសាលាខេត្តកែប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អនោះ កម្ពុជា នឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។
បើតាមលោក ថោង ខុន ការរៀបចំគ្រប់ គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹម ត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។ លោកបន្តថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិត មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។ លោក ថោង ខុន ថ្លែងយ៉ាងដូច្នេះថា "នៅក្នុងតំបន់ឆ្នេររបស់យើង ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ"។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរ មកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។ លោករដ្ឋមន្ត្រីក៏បានរំលឹកអំពីការពង្រឹងគុណភាពសេវា និងតម្លៃឱ្យបានសមរម្យ ព្រមជាមួយនឹងការរៀបចំពង្រឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាមតំបន់ឆ្នេរឱ្យយកាន់តែល្អប្រសើរបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មី ដ៏ទាក់ទាញឱ្យបានច្រើន។
គួរជម្រាបថា កម្ពុជា វៀតណាម និងថៃបានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម។
ដើម្បីឱ្យផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញបន្ទាប់ពីពង្រឹងសុខមាលភាពក្នុងប្រទេសបានរឹងមាំ និងបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបើកទេសចរណ៍ឡើងវិញជាបណ្ដើរៗ ដែលការប្រកាសនេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ៕