ភ្នំពេញ៖ ខេត្តព្រះសីហនុ បានក្លាយជាខេត្តដែលមានលំដាប់ភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើនជាងគេនៅចុងសប្ដាហ៍ទី៤ ខែឧសភា ឆ្នាំ២០២២ ខណៈខេត្តបាត់ដំបង បានក្លាយជាខេត្តស្ថិតក្នុងលំដាប់បន្ទាប់ ដែលមានភ្ញៀវទេសចរ ទៅលេងច្រើនគួរសមដែរ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេស ផ្ទៃក្នុង ចំនួន១៤,៦៣៣នាក់។
ក្រសួងទេសចរណ៍ បានឱ្យដឹងបន្តថា គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរ ទៅលេងកម្សាន្ត រួមមាន៖ ខេត្តព្រះសីហនុ ចំនួន៥៦,២៥១នាក់,ខេត្តបាត់ដំបង ៣៩,៩២៩នាក់,រាជធានីភ្នំពេញ ៣៦,២៨២នាក់,ខេត្តកំពត ៣១,១២១នាក់,ខេត្តសៀមរាប ១៩,៧៨២នាក់,ខេត្តកែប ១២,៨៣៦នាក់,ខេត្តកំពង់ស្ពឺ ១១,៥៤៥នាក់ និងខេត្តពោធិ៍សាត់ ចំនួន១០,៨៤៥នាក់។
យ៉ាងណាក៏ដោយ ក្រសួងបញ្ជាក់ថា តួលេខនេះ មានការថមថយប្រមាណ៩.៥១ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវីដ-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ ក្នុងមួយសប្តាហ៍។
ក្រសួងទេសចរណ៍ បានលើកឡើងថា តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈ៕