ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានឱ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃទីដប់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានដំណើរការដោយរលូន និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ ជ ប បានឱ្យដឹងថា ក្នុងថ្ងៃទីដប់នេះ គណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនា នៅមណ្ឌលបោះឆ្នោត នីមួយៗ តាមកម្មវិធីកំណត់។
តាមការកត់សម្គាល់ នៅខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា ហែក្បួន ចំនួន ៣ ឃុំ សង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ២១ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួនចំនួន ២ ឃុំ សង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូ ផ្សព្វផ្សាយ ចំនួន ១៥ឃុំ សង្កាត់ គណបក្សកែទម្រង់កម្ពុជា ធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូ ផ្សព្វផ្សាយចំនួន ៤ ឃុំ សង្កាត់ គណបក្សខ្មែរតែមួយ ហែក្បួនចំនួន ១ ឃុំ គណបក្ស ខ្មែររួបរួមជាតិ ធ្វើការចែកខិត្តប័ណ្ណចំនួន ១ ឃុំ ហើយគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្ស ឯកភាពជាតិខ្មែរ ធ្វើការចាក់មេក្រូ ផ្សព្វផ្សាយចំនួន ១ ឃុំ។
រីឯខេត្តកំពង់ឆ្នាំង សម្រាប់សកម្មភាព ឃោសនា តាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាព ចំនួន ៣៦ ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ចំនួន ២២ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន ៦ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៣ ឃុំ សង្កាត់ និងមានហែក្បួនចំនួន ១ ឃុំ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ២ ឃុំ សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន ២ ឃុំ សង្កាត់ ហើយគណបក្សយុវជនកម្ពុជា និងគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពចំនួន ១ ឃុំ។
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានបញ្ជាក់ថា ចំពោះសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ក្នុងថ្ងៃទីដប់នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាល្អគ្មានអំពើ ហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួម ប្រគួតប្រជែង៕